ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » មូលនិធិ CFPD របស់ចិន អរគុណសង្គមស៊ីវិលកម្ពុជា ដែលបានឱ្យធ្វើបេសកកម្មខ្លួន ចូលរួមអភិវឌ្ឍន៍កម្ពុជា
មូលនិធិ CFPD របស់ចិន អរគុណសង្គមស៊ីវិលកម្ពុជា ដែលបានឱ្យធ្វើបេសកកម្មខ្លួន ចូលរួមអភិវឌ្ឍន៍កម្ពុជា
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (8/13/2019 9:54:56 PM )

ឯកឧត្តម វ៉ង ហ័រ (WANG HUA) អគ្គលេខាធិការរងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ China Foundation for Peace and Development  ដែលហៅកាត់(CFPD) បានជម្រាប ឯកឧត្តម សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ និងជាអនុប្រធានគណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ថាសង្គមស៊ីវិលនៅកម្ពុជា ពិសេសវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានសហការល្អជាមួយមូនិធិ។ កិច្ចសហការល្អនេះ បានលើកទឹកចិត្តដល់CFPD ចូលរួមចំណែកការអភិវឌ្ឍនៅកម្ពុជា តាមរយៈសកម្មភាពជួយ សង្គមរបស់មូលនិធិ ក្នុងវិស័យអប់រំ និងសុខាភិបាលជាដើមនោះ។

ឯកឧត្តម វ៉ង ហ័រ បានជួបសម្តែងការគួរសម និងភាក្សាការងារជាមួយ ឯកឧត្តម សួស យ៉ារ៉ា នៅវិមានរដ្ឋសភា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩។ ឯកឧត្តមតំណាងរាស្រ្ត បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម វ៉ង ហ័រ មកកាន់ប្រទេសកម្ពុជា។ ជាពិសេសឯកឧត្តម បានគំាទ្រដល់សកម្មភាពមូលនិធិCFPD។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្នុងនាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងក្នុងនាម សភាជាតិកម្ពុជាទាំងមូល ឯកឧត្តមសូមថ្លែងអំណរគុណដល់ ឯកឧត្តម វ៉ង ហ័រ និងរដ្ឋាភិបាលចិន ដែលបានជួយដល់កម្ពុជាយ៉ាងច្រើន លើគ្រប់ផ្នែក គ្រប់វិស័យ និងការអភិវឌ្ឍនៅកម្ពុជា។

ឯកឧត្តម សួស យ៉ារ៉ា បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់ដល់ការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលចិន ជាពិសេសផ្តោតជាសំខាន់ទៅលើយុទ្ធសាស្រ្តផ្លូវសូត្រ និងគោលនយោបាយខ្សែក្រវាត់១ ផ្លូវ១ របស់ចិន ដែលជាគោលនយោបាយធ្វើឲ្យប្រទេសជាច្រើននៅក្នុងតំបន់ និងពិភពលោក ទទួលបានការអភិវឌ្ឍ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន