ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ការងារសភាពីគ្នាទៅវិញទៅមក
អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ការងារសភាពីគ្នាទៅវិញទៅមក
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/13/2019 7:00:45 AM )

អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងអគ្គលេខាធិការដ្ឋារដ្ឋសភាឡាវ បានព្រមព្រៀងថានឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ឲ្យកាន់តែ ស៊ីជម្រៅ។ ពិសេសការចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមកលើការងារបម្រើសភា ដូចជាវិស័យព័ត៌មាន ទំនាក់ទំនងសាធារណៈ បច្ចេកវិទ្យា ព័ត៌មានវិទ្យា កិច្ចការស្រាវជ្រាវ ជាដើម។

ការព្រមព្រៀងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនេះ បានលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ រដ្ឋសភាកម្ពុជា និង លោកជំទាវ Suansavanh VIGNAKET អគ្គលេខាធិការរដ្ឋសភាឡាវ នៅវិមានរដ្ឋសភា នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ ខណៈលោកជំទាវអគ្គលេខាធិការរដ្ឋសភាឡាវ ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់ ឯកឧត្តម ឡេង ប៉េងឡុង ក្នុងគោលបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង និងគ្រប់ជ្រុងជ្រោយ។

នៅក្នុងជំនួបពិភាក្សាការងារ នាព្រឹកមិញនេះ ឯកឧត្តម ឡេង ប៉េងឡុង បានជម្រាបជូនភាគីឡាវ អំពីរចនាសម្ព័ន្ធ និងការប្រព្រឹត្តទៅរបស់ អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា។ ជាមួយគ្នានេះ នាយកដ្ឋានព័ត៌មាន នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានវិទ្យា ICT នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា បានធ្វើបទបង្ហាញពីការងាររបស់ខ្លួនជូនភាគីបានដឹងផងដែរ។ នៅក្នុងនោះ នាយកដ្ឋានព័ត៌មានបានបង្ហាញពីការងារប្រចំាថ្ងៃរបស់នាយកដ្ឋានគឺ ការចុះយកព័ត៌មាន និងថតរូប រាល់សកម្មភាពការងាររបស់ ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិកសមាជិការដ្ឋសភា មកផលិតព័ត៌មាន ហើយធ្វើការផ្សព្វផ្សាយទៅដល់សាធារណជន។ ចំណែកអគ្គនាយកដ្ឋាន ICT បានធ្វើបទបង្ហាញពីការគ្រប់គ្រងទិន្នន័យ និងការងារបច្ចេកទេស ICT របស់រដ្ឋសភាកម្ពុជា។

លោកជំទាវ Suansavanh VIGNAKET បានវាយតម្លៃខ្ពស់ចំពោះលទ្ធភាព និងប្រសិទ្ធិភាពការងារ របស់អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា។ លោកជំទាវស្នើដល់ភាគីកម្ពុជា រៀបចំជាផែនការប្រចាំឆ្នាំ ដើម្បីឲ្យមានការផ្លាស់ប្តូរទស្សនកិច្ច ចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមករវាង អង្គភាពជំនាញ ក្រោមឱវាទអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងពីរ។ លោកជំទាវបញ្ជាក់ថា ការពង្រឹងកិច្ចសហប្រតិបត្តិការនេះ ជាការអនុវត្តឲ្យបាន ពេញលេញ នូវអនុស្សរណៈយោគយល់គ្នារវាងប្រធានរដ្ឋសភាប្រទេសទាំងពីរ បានចុះហត្ថលេខា នាដើមឆ្នាំ២០១៩កន្លងទៅ។

លោកជំទាវអគ្គលេខាធិការរដ្ឋសភា បានគោរពអញ្ជើញ ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំគណៈប្រតិភូអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ទៅបំពេញ ទស្សនកិច្ចសិក្សាស្វែងយល់ពីរដ្ឋសភាឡាវវិញ នៅពេលវេលាសមស្របណាមួយ។ ឯកឧត្តម ឡេង ប៉េងឡុង បានគំាទ្រការលើកឡើងរបស់ភាគីឡាវ និងបានសន្យាថា នឹងដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចនៅប្រទេសឡាវ តាមពេលវេលាសមស្រប៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន