ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការសភាកម្ពុជាចូលរួមសិក្ខាសាលាលើកទី៨ ស្តីពី “ការពង្រឹងតួនាទីត្រួតពិនិត្យថវិការបស់រដ្ឋសភាលើថវិការបស់រដ្ឋាភិបាល” នៅប្រទេសឡាវ
គណៈកម្មការសភាកម្ពុជាចូលរួមសិក្ខាសាលាលើកទី៨ ស្តីពី “ការពង្រឹងតួនាទីត្រួតពិនិត្យថវិការបស់រដ្ឋសភាលើថវិការបស់រដ្ឋាភិបាល” នៅប្រទេសឡាវ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/10/2019 1:38:11 AM )

សិក្ខាសាលាស្តីពី “ការពង្រឹងតួនាទីត្រួតពិនិត្យថវិការបស់រដ្ឋសភាលើថវិការបស់រដ្ឋាភិបាល” បានប្រារព្ធពិធីបើកក្រោមអធិបតីភាពរបស់ លោកជំទាវ ផានី យ៉ាថទូ ប្រធានរដ្ឋសភាឡាវ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅខេត្តហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សិក្ខាសាលានៅពេលនេះ ប្រារព្ធធ្វើមានរយៈពេល១ថ្ងៃកន្លះ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ដោយមានការចូលរួមពី ឯកឧត្តម បណ្ឌិត វិឡាវង្ស ប៊ូដាខាំ ប្រធានគណៈកម្មាធិការផែនការ ហិរញ្ញវត្ថុ និងសវនកម្ម នៃរដ្ឋសភាឡាវ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈប្រតិភូ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភាកម្ពុជា ឯកឧត្តម ង្វៀន ដុក ហាយ ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ និងថវិកា នៃរដ្ឋសភាវៀតណាម និងតំណាងធនាគាពិភពលោក ព្រមទាំងអង្គការពាក់ព័ន្ធមួយចំនួនទៀតនៅក្នុងប្រទេសឡាវ។

នេះជាសិក្ខាសាលារួមគ្នាលើកទី៨ហើយ ដែលគណៈកម្មការទទួលបន្ទុកថវិកាសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្ម នៃរដ្ឋសភាឡាវ កម្ពុជា និងវៀតណាម បានជួបជុំគ្នារៀបចំសិក្ខាសាលាបែបនេះ ដើម្បីពង្រឹងតួនាទីត្រួតពិនិត្យរបស់គណៈកម្មការសភាលើថវិការបស់រដ្ឋាភិបាល។

ថ្លែងក្នុងពិធីបើក ឯកឧត្តម ឡូយ សុផាត បានមានប្រសាសន៍ថា ក្នុងនាមគណៈប្រតិភូកម្ពុជា ឯកឧត្ដមសូមអរគុណ និងកោតសរសើរចំពោះ គណៈកម្មាធិការផែនការ ហិរញ្ញវត្ថុ និងសវនកម្ម នៃរដ្ឋសភាឡាវ ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកម្ពុជា។ ជាមួយគ្នា នេះដែរ វត្តមាន លោកជំទាវ ផានី យ៉ាថទូ ប្រធានរដ្ឋសភាឡាវ ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចូលរួមបើកអង្គសិក្ខាសាលាដ៏មានសារៈសំខាន់ នាពេលនេះ គឺជាការឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់ និងការគាំទ្ររបស់ថ្នាក់ដឹកនាំរដ្ឋសភាឡាវ ចំពោះការរៀបចំកិច្ចប្រជុំរួមគ្នានេះ។

លោកជំទាវ ផានី យ៉ាថទូ ប្រធានរដ្ឋសភាឡាវ បានមានប្រសាសន៍លើកឡើងអំពីតួនាទីដ៏មានសារៈសំខាន់របស់រដ្ឋសភា ក្នុងការតាមដាន ត្រួតពិនិត្យនូវការអនុវត្តប្រកបដោយប្រសិទ្ធភាពលើថវិកាជាតិ និងហិរញ្ញវត្ថុសាធារណៈ ដើម្បីផលប្រយោជន៍ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ នៃប្រទេសនីមួយៗ។ លោកជំទាវ ក៏បានបង្ហាញនូវការគាំទ្រយ៉ាងខ្លាំងចំពោះសិក្ខាសាលា និងលើកទឹកចិត្តដល់គណៈកម្មាធិការរដ្ឋសភា នៃប្រទេស ទាំងបី បន្តវប្បធម៌នៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អនេះ ដើម្បីផលប្រយោជន៍រួម និងវិបុលភាពនៃប្រជាជាតិនីមួយៗ។

សិក្ខាសាលា បានផ្តោតការយកចិត្តទុកដាក់ លើការចែករំលែកបទពិសោធន៍ អំពីការអនុវត្តប្រសើរលើការដោះស្រាយបញ្ហាប្រឈមថ្មីៗ ដែល គណៈកម្មាធិការគណនេយ្យសាធារណៈបានជួបប្រទះក្នុងបរិបទពិភពលោកមានភាពប្រែប្រួលនេះ។

សិក្ខាសាលាក៏បានត្រួតពិនិត្យពីសមិទ្ធផល នៃសិក្ខាសាលាលើកទី៧ ដែលបានប្រារព្ធធ្វើនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជាកន្លងមក ថាតើសម្រេចបានអ្វីខ្លះ និងបានលើកសំណើអំពីកិច្ចសហប្រតិបត្តិការនាពេលអនាគត ដើម្បីធានាបាននូវតម្លាភាព ប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធ ក្នុងការធ្វើផែនការអនុវត្ត និងសវនកម្មលើថវិកាជាតិ។

នៅក្នុងឱកាសនេះដែរ គណៈកម្មការទទួលបន្ទុកថវិកាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃរដ្ឋសភាប្រទេសទាំងបី ក៏បានឯកភាពចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នាលើផែនការកិច្ចសហប្រតិបត្តិការនាពេលអនាគតបន្តទៀតមានដូចតទៅៈ

១-បន្តរៀបចំសិក្ខាសាលាផ្លាស់ប្តូរតាមវេនរវាងសភានៃប្រទេសទាំងបី លើប្រធានបទពាក់ព័ន្ធនឹងហិរញ្ញវត្ថុ ថវិកា និងការងារសវនកម្ម រៀងរាល់ពីរឆ្នាំ ម្តង។ សិក្ខាសាលាលើកទី៩ នឹងត្រូវរៀបចំដោយរដ្ឋសភាវៀតណាម នៅឆ្នាំ២០២១។

២-បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ និងការអនុវត្តប្រសើរ ក្នុងចំណោមគណៈកម្មការទទួលបន្ទុកថវិកា ហិរញ្ញវត្ថុ និងសវនកម្ម និងអញ្ជើញអ្នកឯកទេសមកពីប្រទេសផ្សេងៗទៀតមកចូលរួមចែករំលែក។

៣-ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដោយឱ្យមានការចូលរួមពីតំណាងស្ថាប័នបច្ចេកទេស រួមមានក្រសួងហិរញ្ញវត្ថុ និងអាជ្ញាធរសវនកម្ម នៃប្រទេសទាំងបួន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។

៤-បន្តស្វាគមន៍ និងលើកទឹកចិត្តដល់អង្គការអន្តរជាតិ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដូចជា ADB World Bank IMF UNDP និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ដទៃទៀត ចូលរួមគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដល់ការរៀបចំព្រឹត្តិការណ៍បែបនេះ ព្រមទាំងជំនួយគាំទ្រសម្រាប់ការបណ្តុះបណ្តាល រយៈពេលខ្លី និងទស្សនកិច្ចសិក្សានៅក្រៅប្រទេស (រួមគ្នា) លើការត្រួតពិនិត្យ និងតាមដានថវិកាជាតិ ហិរញ្ញវត្ថុសាធារណៈ និងភារកិច្ចទទួលខុសត្រូវ ផ្សេងទៀតរបស់គណៈកម្មការជំនាញរដ្ឋសភា នៃប្រទេសទាំងបួន។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន