ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ រដ្ឋសភាកម្ពុជាគំាទ្រការរៀបចំសិក្ខាសាលា ស្តីពីការពង្រឹងតួនាទីត្រួតពិនិត្យថវិការដ្ឋសភា របស់រដ្ឋសភាឡាវ
គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ រដ្ឋសភាកម្ពុជាគំាទ្រការរៀបចំសិក្ខាសាលា ស្តីពីការពង្រឹងតួនាទីត្រួតពិនិត្យថវិការដ្ឋសភា របស់រដ្ឋសភាឡាវ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/9/2019 8:49:23 AM )

ប្រធានគណៈប្រតិភូគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ​ និងសវនកម្ម នៃរដ្ឋសភាកម្ពុជា ឯកឧត្តម ឡូយ សុផាត បានជួបសម្តែងការគួរសម ជាមួយ លោកជំទាវ ផានី យ៉ាថទូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងលួងព្រះបាង្គ ប្រទេសឡាវ ក្នុងឱកាសដែលគណៈប្រតិភូគណៈកម្មការជំនាញរដ្ឋសភា ចូលរួមសិក្ខាសាលារួមគ្នារវាងគណៈកម្មការសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុនៃរដ្ឋសភាកម្ពុជា ឡាវ​ មីយ៉ាន់ម៉ា វៀតណាម​ ស្តីពីការពង្រឹងតួនាទីត្រួតពិនិត្យថវិការបស់រដ្ឋសភា លើថវិការបស់រដ្ឋាភិបាល​នៅក្នុង ប្រទេសឡាវ។

លោកជំទាវប្រធានរដ្ឋសភាប្រទេសឡាវ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូរដ្ឋសភាកម្ពុជា ដែលបានចូលរួមសិក្ខាសាលាខាងលើ។ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពកិច្ចសហប្រតិបត្តិការរដ្ឋសភាកម្ពុជា​ និងឡាវ។ រដ្ឋសភាប្រទេសទំាងពីរតែងតែគំាទ្រគ្នាទៅវិញ ទៅមកទំាងនៅក្នុងក្របខ័ណ្ឌទ្វេរភាគី​ និងពហុភាគី។

លោកជំទាវ ផានី យ៉ាថទូ បានស្នើដល់គណៈប្រតិភូរដ្ឋសភាកម្ពុជា ចែករំលែកបទពិសោធន៍​ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះដល់សិក្ខាសាលា​ ដើម្បី ចូលរួមចំណែកពង្រឹងយន្តការសភាប្រទេសទំាង៤ ឲ្យកាន់តែមានប្រសិទ្ធិភាពឡើង។

ឯកឧត្តម ឡូយ សុផាត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវប្រធានរដ្ឋសភា ដែលបានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូរដ្ឋសភាកម្ពុជា។​ ឯកឧត្តមបានលើកឡើងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ​ និងជាប្រពៃណី​ នៃប្រទេសកម្ពុជា​ និងឡាវ ដែលមានតំាងពីយូរមកហើយ។ ចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា​ និងឡាវនេះវិញ ឯកឧត្តមបានមានប្រសាសន៍ថា កាលពីដើមឆ្នាំ ២០១៩ ប្រធានរដ្ឋសភាប្រទេសទំាងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា​ ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ នៅទីក្រុងសៀមរាប ព្រះរាជាណាចក្រកម្ពុជា។ កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ ដែលបានជំរុញឲ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ច ទៅវិញទៅមកនៅគ្រប់កម្រិត មានទំាងកម្រិតថ្នាក់ដឹកនាំកំពូលរហូតដល់ថ្នាក់អគ្គលេខាធិការដ្ឋាន។

គណៈប្រតិភូរដ្ឋសភាកម្ពុជា បានសម្តែងការគំាទ្រ​ និងវាយតម្លៃខ្ពស់ចំពោះការធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាលើកទី៨​ ស្តីពីការពង្រឹងតួនាទី ត្រួតពិនិត្យថវិការបស់រដ្ឋសភា នៅពេលនេះដែលទទួលបានជោគជ័យ ព្រមទំាងបានពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម​ ឲ្យកាន់តែរឹងមាំឡើង។

សូមជម្រាបថា គណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភាកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម បានរៀបចំសិក្ខាសាលា​ ស្តីពីការពង្រឹងតួនាទី ត្រួតពិនិត្យថវិការបស់រដ្ឋសភា ជាទៀងទាត់ និងបានផ្លាស់វេនគ្នាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលានេះ។

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន