ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិករដ្ឋសភាជម្រាបសិក្ខាសាលាមួយក្នុងក្របខណ្ឌមហាសន្និបាតIPU ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកុមារ និងស្រ្តី
សមាជិករដ្ឋសភាជម្រាបសិក្ខាសាលាមួយក្នុងក្របខណ្ឌមហាសន្និបាតIPU ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកុមារ និងស្រ្តី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/8/2019 10:11:12 AM )

នៅក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតលើកទី១៤០របស់សហភាពអន្តរសភា(IPU) នៅក្នុងប្រទេសកាតា សមាជិកគណៈប្រតិភូសភាកម្ពុជាគឺ​ លោកជំទាវ បាន ស្រីមុំ អនុប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានចូលរួម សិក្ខាសាលាស្ដីពីសុខភាពមាតា ទារក និងកុមារ។

ការជួបជុំតំណាងប្រជាពលរដ្ឋក្នុងក្របខណ្ឌអន្តរជាតិនៅក្នុងសិក្ខាសាលានេះ ធ្វើឡើងដើម្បីជំរុញហិរញ្ញវត្ថុសម្រាប់សុខភាព ជាពិសេសសម្រាប់ស្ត្រី កុមារ និងមនុស្សពេញវ័យ រួមទាំងធ្វើឱ្យប្រសើរឡើងសុខភាព និងសុខភាពផ្លូវភេទ ដែលជំរុញអង្គនីតិប្បញ្ញត្តិគាំទ្រដល់លទ្ធផលនៃការបង្កើនសុខភាព ដល់ស្ត្រី កុមារ និងមនុស្សពេញវ័យ។ បង្កើតភាពជាដៃគូជាមួយ UHC (Universal Health Coverage) និងSRHR (Sexual and Reproductive Health and Rights)។

សិក្ខាសាលាបានធ្វើការផ្លាស់ប្តូរបទពិសោធន៍ និងពិភាក្សាលើបញ្ហាជាច្រើន ដែលមានលើបញ្ហាដូចជា ការទទួលបានការការពារដោយច្បាប់។ បញ្ហា ការរៀបការទាំងវ័យក្មេង និងអំពើហិង្សាប្រឆាំងស្ត្រី។ សិទ្ធិកុមារ និងមនុស្សពេញវ័យ។ ពង្រឹងសកម្មភាពលើសុខភាពទាំងថ្នាក់ជាតិ និងសកលលោក។ ការពង្រឹងហិរញ្ញវត្ថុសម្រាប់សុខភាព សមាហរណកម្ម SRHR និងU.H.C ជាដើម។

លោកជំទាវ បាន ស្រីមុំ​ បានជម្រាបសិក្ខាសាលាពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះស្រ្តី និងកុមារផងដែរ។ លោកជំទាវបាន គូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយសង្គមទាក់ទងនឹងសុខភាពមាតា កុមារកម្ពុជា ដូចជា ផ្ដល់ការគាំទ្រថវិកាដល់ស្ត្រីតាំងពី ចាប់ពីមានផ្ទៃពោះ។ ផ្ដល់សេវាពិនិត្យសុខភាពដោយឥតគិតថ្លៃ។ ផ្ដល់ថវិកាជា ៣ដំណាក់កាលពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយសម្រាល។

សូមជម្រាបថា សិក្ខាសាលានេះជាកិច្ចប្រជុំមួយក្នុងចំណោមកិច្ចប្រជុំជាច្រើននៅក្នុងមហាសន្និបាតរបស់សហភាពអន្តរសភា។ មហាសន្និបាតប្រចំាឆ្នាំ (IPU) ដែលកំពុងប្រារព្ធធ្វើនៅប្រទេសកាតា រយៈពេល៥ថ្ងៃ គឺពីថ្ងៃទី៦ ដល់ថ្ងៃ១០ ខែមេសា ឆ្នាំ២០១៩នេះ គណៈប្រតិភូសភាកម្ពុជានឹងចូលរួម កិច្ចប្រជុំប្រមាណជា១៣ឯណោះ។

គួររម្លឹកថា ដោយទទួលបានការអនុញ្ញាតពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធិសមនុស្ស ទទួលពាក្យបណ្តឹង អង្កេត នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូសភា​កម្ពុជា ចូលរួមមហាសន្និបាតប្រចំាឆ្នាំលើកទី១៤០របស់IPU នាឱកាសនេះ៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន