ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រធានគណៈកម្មការអប់រំរដ្ឋសភាជំរុញអាជ្ញាធរពង្រឹងប្រសិទ្ធភាពការងារបម្រើពលរដ្ឋ ទោះមានបញ្ហាប្រឈម និងការលំបាកក្តី
ប្រធានគណៈកម្មការអប់រំរដ្ឋសភាជំរុញអាជ្ញាធរពង្រឹងប្រសិទ្ធភាពការងារបម្រើពលរដ្ឋ ទោះមានបញ្ហាប្រឈម និងការលំបាកក្តី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/14/2019 9:27:51 PM )

ក្នុងឱកាសជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យ និងមន្ទីរស្ថាប័នពាក់ព័ន្ធ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានលើកទឹកចិត្ត និងជំរុញដល់អាជ្ញាធរពាក់ព័ន្ធទំាងអស់ ត្រូវខិតខំបំពេញភារកិច្ច ក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរទោះបីការអនុវត្តការងារជួបបញ្ហាលំបាក និងការប្រឈមនានាក្តី។

ប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដឹកនាំដោយ​ ឯកឧត្តម ហ៊ុន ម៉ានី បានចុះសិក្សា ស្វែងយល់ការងារដែលពាក់ព័ន្ធការទទួលខុសត្រូវរបស់គណៈកម្មការនៅក្នុងខេត្តឧត្តរមានជ័យ នាថ្ងៃទី១៤ ខែមីនាឆ្នាំ២០១៩។ នៅក្នុងបេសកកម្មនេះ គណៈកម្មការជំនាញរដ្ឋសភា បានជួបប្រជុំជាមួយរដ្ឋបាលខេត្តឧត្តរមានជ័យ ដឹកនាំដោយ​ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាល ខេត្តឧត្តរមានជ័យ

ឯកឧត្តម ប៉ែន កុសល្យ បានជម្រាបប្រតិភូរដ្ឋសភាពីការអភិវឌ្ឍនៅក្នុងខេត្ត និងបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនា បតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី ខេត្តឧត្តរមានជ័យមិនខុសពីខេត្តនានានៅក្នុងប្រទេសកម្ពុជាទេ គឺទទួលបានការអភិវឌ្ឍគ្រប់វិស័យ ដែលនៅក្នុងនោះ មានទំាងវិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ផងដែរ។

ឯកឧត្តមអភិបាលខេត្តបន្តថា ចំពោះវិស័យអប់រំ ខេត្តមានអគារសិក្សាដែលផ្តល់ដោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៩១ខ្នង ស្មើនឹង ៦៩៥បន្ទប់។

ឯកឧត្តម​ ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំខេត្ត​ និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់។ ឯកឧត្តមបានស្នើសុំដល់អាជ្ញាធរឲ្យបន្តអនុវត្តវប្បធម៌សាមគ្គី សហការគ្នាបំពេញការងារក្នុងការបម្រើពលរដ្ឋបន្តទៀត។ ចំពោះសំណូមពរ និងបញ្ហា នានាដែលបានលើកឡើងឯកឧត្តមប្រធានគណៈកម្មការនឹងពាំនាំជូនរាជរដ្ឋាភិបាលដោះស្រាយតាមរយៈសម្តេចប្រធានរដ្ឋសភា។

ក្រោយពីបញ្ចប់កិច្ចពិភាក្សាការងារជាមួយអភិបាលខេត្តរួចមក ប្រតិភូគណៈកម្មការជំនាញរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី បានជួប សំណេះសំណាល សួរសុខទុក្ខកងទ័ពវរ:សេនាតូចការពារព្រំដែនលេខ១​ ដែលឈរជើងនៅប្រាសាទតាមាន់ និងកងពលតូចថ្មើរជើងលេខ៤២ ផងដែរ។ ប្រតិភូរដ្ឋសភា បាននាំយកសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ឧបត្ថម្ភដល់កងកម្លំាងការពារព្រំដែនទំាងពីរចំនុចនេះទៀតផង៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន