ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាកម្ពុជា និងរដ្ឋសភាឡាវ ផ្លាស់ប្តូរបទសោធន៍ការងារនីតិកម្មជាមួយគ្នា
រដ្ឋសភាកម្ពុជា និងរដ្ឋសភាឡាវ ផ្លាស់ប្តូរបទសោធន៍ការងារនីតិកម្មជាមួយគ្នា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/12/2019 7:51:23 PM )

រដ្ឋសភាកម្ពុជា និងរដ្ឋសភាឡាវ បានធ្វើការផ្លាស់ប្តូរចែករំលែកបទពិសោធន៍គ្នាលើការងារនីតិកម្ម។ ការផ្លាស់ប្តូរបទពិសោធន៍រវាងរដ្ឋសភាទំាងពីរ ប្រទេស បានធ្វើឡើងតាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូគណៈកម្មការនីតិកម្មរដ្ឋសភាឡាវ មកកាន់ព្រះរាជាណាចក្រកម្ពុជា និងបានជួប ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា និងប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ផង។

ឯកឧត្តម សាយថុង កែវឌួងឌី (Saythong Keodouangdy) ប្រធានគណៈកម្មការនីតិកម្មនៃរដ្ឋសភាឡាវ បានដឹកនាំគណៈប្រតិភូមកបំពេញ ទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងដកស្រង់បទពិសោធន៍លើការងារនីតិកម្មរបស់រដ្ឋសភាកម្ពុជា។ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៅវិមានរដ្ឋសភា។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានជម្រាបគណៈប្រតិភូពីខ្លឹមសារសំខាន់ៗនៃរដ្ឋធម្មនុញ្ញកម្ពុជា។ រដ្ឋធម្មនុញ្ញដែលបានបង្កើតនៅឆ្នាំ១៩៩៣ រហូតដល់ បច្ចុប្បន្ន ច្បាប់នេះបានធ្វើវិសោធនកម្មចំនួន៩លើក ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍន៍រីកចម្រើនរបស់សង្គមកម្ពុជា។ ចំណែកការងារតាក់តែង និងអនុម័តច្បាប់វិញ ចាប់តំាងពីអាណត្តិទី១ រហូតមកដល់អាណត្តិទី៦នេះ រដ្ឋសភាបានអនុម័តច្បាប់បានចំនួន៥២៣ ដើម្បីបម្រើផលប្រយោជន៍ ប្រទេសជាតិ និងប្រជាជន។ ច្បាប់ដែលរដ្ឋសភាអនុម័ត បានគ្របដណ្តប់គ្រប់វិស័យនៅក្នុងការរស់នៅរបស់ពលរដ្ឋ និងការកសាងដឹកនាំប្រទេស ជានីតិរដ្ឋ។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានជម្រាបគណៈប្រតិភូថា កម្ពុជាបានបែងចែកអំណាចដឹកនាំរដ្ឋដាច់ពីគ្នា មាន នីតិប្បញ្ញាត្តិ នីតិប្រតិបត្តិ និងតុលាការ។ កម្ពុជាប្រកាន់របបប្រជាធិបតេយ្យ សេរីពហុបក្ស។ សមាជិករដ្ឋសភាត្រូវបោះឆ្នោតជ្រើសរើសជាសកល សេរី ស្មើភាព និងយុត្តិធម៌។ រដ្ឋសភានីតិកាលទី៦ បានបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១៨ ដោយមានគណបក្សចំនួន២០ ចូលរួមប្រកួតប្រជែង។

ឯកឧត្តម សាយថុង កែវឌួងឌី បានថ្លែងអំណរគុណជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា និងសមាជិក ដែលបានទទួលស្វាគមន៍ យ៉ាងកក់ក្តៅ និងបានជួបពិភាក្សាការងារដោយបើកទូលាយជាមួយគណៈប្រតិភូ។ ឯកឧត្តមសង្ឃឹមថា គណៈកម្មការនៃសភាប្រទេសទំាងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ក្នុងការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកបន្តទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេស ទំាងពីរ។

ឯកឧត្តមប្រធានគណៈប្រតិភូ បានមានប្រសាសន៍ថា ទោះបីដំណើរទស្សនកិច្ចនេះមានរយៈពេលខ្លី តែគណៈប្រតិភូបានសង្កេតឃើញពីចរន្តសេដ្ឋកិច្ច រស់រវើករបស់កម្ពុជា នៅក្រោមសន្តិភាព ស្ថេរភាពដ៏រឹងមាំ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន