ទំព័រមុខ » គណៈកម្មការទី៨ » សកម្មភាព » ក្រុមការងារខ្លឹមសារកិច្ចប្រជុំសមាជិកសភាស្រ្តី APPF ជំរុញការសិក្សាស្រាវជ្រាវឯកសារជំនួយស្មារតី
ក្រុមការងារខ្លឹមសារកិច្ចប្រជុំសមាជិកសភាស្រ្តី APPF ជំរុញការសិក្សាស្រាវជ្រាវឯកសារជំនួយស្មារតី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/6/2019 7:06:07 PM )

សមាជិករដ្ឋសភា តំណាងក្រសួងកិច្ចការនារី តំណាងវិទ្យាស្ថានសភាកម្ពុជា និងមន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានជួបប្រជុំគ្នា ដើម្បី ពិនិត្យមើលវឌ្ឍនភាពការងារ ពិសេសខ្លឹមសារសម្រាប់កិច្ចប្រជុំក្រុមសភាស្រ្តីនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APPF ដែលសភាកម្ពុជានឹង ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនាដើមឆ្នាំ២០១៩ ខាងមុខនេះ។

កិច្ចប្រជុំក្រុមការងារនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធាន គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា និងជាប្រធាន ក្រុមការងារទទួលបន្ទុកវិស័យខ្លឹមសារកិច្ចប្រជុំសមាជិកសភាស្ត្រី នៃAPPF

លោកជំទាវប្រធានកិច្ចប្រជុំបានគូសបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ APPF សភាកម្ពុជាបានកំណត់ប្រធានបទចំនួន៣ សម្រាប់កិច្ចប្រជុំ សមាជិកសភាស្រ្តី នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នោះ មាន ទី១-ពង្រឹងភាពជាដៃគូក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីសមភាពយេនឌ័រ និងការផ្ដល់ភាព អង់អាចដល់ស្រ្តី និងកុមារី ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ទី២-ធានាការផ្ដល់សមភាពរវាងស្ត្រី និងបុរសក្នុងវិស័យអប់រំ វិជ្ជាជីវៈ បច្ចេកទេស និងព័ត៌មានវិទ្យា ដើម្បីសន្តិភាព និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងទី៣-លើកកម្ពស់សមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្រ្តីតាមរយៈការបង្កើនការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្ដីសម្រេចនៅគ្រប់កម្រិត។

លោកជំទាវ ឡោក ខេង បានស្នើសុំដល់សមាជិកក្រុមការងារ ធ្វើការសិក្សាស្រាវជ្រាវព័ត៌មាន និងឯកសារ ទាក់ទងនឹងប្រធានបទខាងលើនេះបន្ត ទៀត ដើម្បីជាជំនួយស្មារតីដល់សមាជិកសភាកម្ពុជា ដែលនឹងត្រូវចូលរួមកិច្ចប្រជុំសមាជិកសភាស្រ្តីរបស់ APPF នោះ ទទួលបានព័ត៌មាន និង សភាពការណ៍ជាក់ស្តែងជុំវិញបញ្ហាស្រ្តីនៅលើពិភពលោកក៏ដូចជាក្នុងតំបន់។

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ជាអង្គការសភាក្នុងតំបន់មួយដែលមានសមាជិកក្នុងពេលបច្ចុប្បន្ននេះមានចំនួន២៧ប្រទេស។ បង្កើត ឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣ វេទិកាសភាអាស៊ី-ប៉ាសុីហ្វិកមានឈ្មោះជាភាសាអង់គ្លេស “The Asia Pacific Parliamentary Forum”  ក្នុងតួនាទីជាសមាជិក (APPF) តាំងពីឆ្នាំ១៩៩៥មក សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រឆ្នាំលើកទី២៧ APPF នៅខេត្តសៀមរាប ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្រោមប្រធានបទ “ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយ ចីរភាព”។

នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនោះ APPF មានកិច្ចប្រជុំជាច្រើនវិស័យដូចជា កិច្ចប្រជុំសមាជិកសភាស្រ្តី កិច្ចប្រជុំវិស័យពាណិជ្ជកម្ម វិស័យនយោបាយ វិស័យសន្តិសុខជាដើម។

លោកជំទាវ ឡោក ខេង ដែលទទួលបន្ទុកខ្លឹមសារសម្រាប់កិច្ចប្រជុំសមាជិកសភាស្រ្តីរបស់ APPF បានគូសបញ្ជាក់ថា នៅពិភពលោកនេះមានស្ត្រី ជាង៥០%។ បើស្ត្រីមិនបានចូលរួមក្នុងវិស័យនានារបស់សង្គមនោះទេ គឺហាក់បីដូចជាគេបានបោះបង់ធនធានជាងពាក់កណ្ដាលចោល។ ដូច្នេះស្រ្តី មានសក្តានុពល ហើយ APPF គួរប្រើប្រាស់ និងបង្ហាញពីគុណតម្លៃស្រ្តី ឬដោះស្រាយបញ្ហាស្រ្តី ដើម្បីសមភាពយេនឌ័រសង្គមប្រកបដោយសន្តិភាព៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន