ទំព័រមុខ » គណៈកម្មការទី៤ » សកម្មភាព » ឯកឧត្តម ហ៊ុន ណេង ប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ
ឯកឧត្តម ហ៊ុន ណេង ប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/26/2019 8:27:30 PM )

គណៈប្រតិភូគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការ បានអញ្ជើញចុះទៅជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាតំណាង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការក្រសួង ដើម្បីសិក្សាស្វែងយល់ពីការងាររបស់ក្រសួង នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨។

ឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត បានមានប្រសាសន៍ជម្រាបជូនគណៈប្រតិភូគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភាថា បច្ចុប្បន្ននេះក្រសួងការពារជាតិកំពុងតែមមាញឹកខ្លាំង ក្នុងការត្រៀម​រៀប​ចំ​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ-ឈ្នះ ​និង​អបអរ​សាទរ​ខួប​លើក​ទី​២០ នៃ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ​និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោគ​ជ័យ​នយោបាយ​ឈ្នះ-ឈ្នះ​របស់​ សម្តេចអគ្គមហា សេនាបតី​តេជោ ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមនាយឧត្តមសេនីយ៍បានបន្តថា ក្រៅពីការងារត្រៀម​រៀប​ចំ​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ-ឈ្នះ ​និង​អបអរ​សាទរ​ខួប​លើក​ទី​២០​ នៃ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ក្រសួងការពារជាតិ បានយកចិត្តទុកដាក់ក្នុងការបំពេញបេសកកម្មការងារ ជូនប្រទេសជាតិមាតុភូមិ និង ប្រជាពលរដ្ឋ ព្រមទំាងបានខិតខំពង្រឹងសមត្ថភាព កងយោធពលខេមរភូមិន្ទ ឲ្យមានសមត្ថភាពជំនាញខ្ពស់ ក្នុងការការពារប្រទេសជាតិ ឲ្យកាន់តែមាន ប្រសិទ្ធភាព គុណភាពខ្ពស់ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។

ជាមួយគ្នានេះផងដែរ ក្រសួងការពារជាតិបានធ្វើការបណ្តុះបណ្តាលនាយទាហានសកម្ម ព្រមទាំងបញ្ជូននាយទាហានមួយចំនួនទៀតទៅសិក្សានៅ ក្រៅប្រទេស មានដូចជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសផ្សេងៗទៀត ដើម្បីធ្វើការពង្រឹង សមត្ថភាពដល់កងយោធពលខេមរភូមិន្ទ។

ទន្ទឹមនឹងនោះ កងយោធពលខេមរភូមិន្ទ នៅខាងសមរភូមិមុខ បានទទួលការឧបត្ថម្ភទាំងថវិកា សម្ភារៈ និងសេវាសុខភាព ហើយក៏មានការបង្កើត មន្ទីរពេទ្យ សម្រាប់កងយោធពលខេមរភូមិន្ទ ព្រមទាំងផ្តល់ដីសម្បទាន គ្រឿងសំណង់ ដល់ក្រុមគ្រួសារយោធិន និងបើកការប្រាក់បៀវត្សរ៍បាន ទាន់ពេលវេលា។

ក្រោយពីបានស្តាប់ការលើកឡើងរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត រួចមក ឯកឧត្តម ហ៊ុន ណេង បានថ្លែងកោតសរសើរដល់ឯកឧត្តម រដ្ឋលេខាធិការផ្ទាល់ និងថ្នាក់ដឹកនាំក្រសួងការពារជាតិទំាងអស់ ព្រមទាំងនាយទាហាន ពលទាហានទំាងអស់ ដែលខំយកចិត្តទុកដាក់ក្នុងការបំពេញ បេសកកម្មការងារជូនប្រទេសជាតិមាតុភូមិ និងប្រជាពលរដ្ឋ ព្រមទំាងបានខិតខំពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ឲ្យមានសមត្ថភាពជំនាញ ខ្ពស់ ក្នុងការការពារប្រទេសជាតិឲ្យកាន់តែមានប្រសិទ្ធភាព ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តម ហ៊ុន ណេង ក៏បានសម្តែងនូវការអរគុណ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងទាំងអស់ ដែលបានសហការជាមួយ គណៈកម្មការជំនាញនៃរដ្ឋសភាបានល្អរហូតមក ដូចជា ការផ្តល់របាយការណ៍អំពីលទ្ធផលនៃការអនុវត្តការងាររបស់អង្គភាពនីមួយៗ និងការចាត់តាំង ថ្នាក់ដឹកនាំចូលរួមប្រជុំទ្វេភាគី ពហុភាគីលើកិច្ចការជំនាញ និងការចូលរួមក្នុងពិធីផ្សេងៗដែលពាក់ព័ន្ធកិច្ចការទទួលខុសត្រូវរបស់គណៈកម្មការ។

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន