ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិក សមាជិការដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយផ្កា នៅវិមានឯករាជ្យ និងព្រះបរមរូប ព្រះករុណា ព្រះបរមរតនកោដ្ឋ ក្នុងឱកាសខួបលើកទី៦៥ ទិវាឯករាជ្យជាតិ
សមាជិក សមាជិការដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយផ្កា នៅវិមានឯករាជ្យ និងព្រះបរមរូប ព្រះករុណា ព្រះបរមរតនកោដ្ឋ ក្នុងឱកាសខួបលើកទី៦៥ ទិវាឯករាជ្យជាតិ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/8/2018 2:04:10 AM )

ឯកឧត្តម ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូរដ្ឋសភា និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា បានអញ្ជើញថ្វាយផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងព្រះបរមរូប ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

ពលរដ្ឋខ្មែរគ្រប់ជាន់ថ្នាក់ បានចងចំាជានិច្ចនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់អតីត ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ សម្តេចឪ សម្តេចតា សម្តេចតាទួត (ព្រះបរមរតនកោដ្ឋ) ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ តស៊ូដើម្បីជាតិមាតុភូមិ។

ថ្នាក់ដឹកនាំសមាជិក សមាជិការដ្ឋសភា និងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទំាងអស់ ចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចទាមទារ ឯករាជ្យដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះបរមរតនកោដ្ឋ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ព្រះអង្គនឹងយាងប្រទានភ្លើងជ័យ អបអរសាទរទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ដែលជាខួបលើកទី៦៥ នៅវិមានឯករាជ្យ ដោយមាន​ការចូលរួមពីថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ មន្រ្តីរាជការ កងកម្លំាងប្រដាប់អាវុធ សិស្សនិស្សិត ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន