ប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ បានជម្រាបតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង ឯកឧត្តម ឈាង វុន ថាពួកគាត់នឹងមកចូលរួម ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដានេះ មិនខានឡើយ ក្នុងការជ្រើសរើសមេដឹកនាំ តាមបែបលទ្ធិប្រជាធិបតេយ្យ ហើយថែមទាំងបន្តទៀតថា នោះជា ឱកាសនៅក្នុងការប្រើប្រាស់សិទ្ធិរបស់ពួកគាត់។ ការលើកឡើងរបស់ប្រជាពលករខ្មែរ ដែលធ្វើការនៅក្នុងប្រទេសថៃបែបនេះ បានធ្វើឡើងនៅក្នុងពេលដែល ឯកឧត្តម ឈាង វុន សមាជិករដ្ឋសភា និង ជាតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង បានអញ្ជើញចុះទៅសួរសុខទុក្ខពលរដ្ឋខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃដោយផ្ទាល់ នៅចុងខែមិថុនា និង ដើមខែកក្កដា ឆ្នាំ២០១៨នេះ ដោយនៅក្នុងឱកាសនោះ ឯកឧត្តមបានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ជាពិសេសពីសំណាក់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនចំពោះពលរដ្ឋខ្មែរទាំងអស់ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ។ ឯកឧត្តម ឈាង វុន បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ បានយកចិត្តទុកដាក់ និងគិតគូរជានិច្ចពីសុខទុក្ខពលរដ្ឋកម្ពុជានៅ គ្រប់ទីកន្លែង ពិសេសពលករខ្មែរនៅក្នុងប្រទេសថៃនេះ។ រដ្ឋាភិបាលកម្ពុជា បានខិតខំជំរុញដល់រដ្ឋាភិបាលថៃ ក្នុងការថែរក្សា យកចិត្តទុកដាក់ដល់ ពលករខ្មែរ ហើយប្រទេសទាំងពីរបាននឹងកំពុងសហការគ្នាយ៉ាងល្អ ក្នុងការផ្តល់ភាពស្របច្បាប់ដល់ពលរដ្ឋខ្មែរ ដែលកំពុងធ្វើការងារនៅក្នុងប្រទេសថៃ ឲ្យស្របច្បាប់ ហើយទទួលបានអត្ថប្រយោជន៍នានាទៅតាមច្បាប់ការងាររបស់ប្រទេសថៃ។ សូមជម្រាបថា ឯកឧត្តម ឈាង វុន ដែលជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានក្រុមការងារពិសេសទំនាក់ទំនងផ្សារភ្ជាប់ពលករកម្ពុជាផងនោះ បានដឹកនាំក្រុមការងារទៅជួប សំណេះសំណាល និងសួរសុខទុក្ខបងប្អូនពលករកម្ពុជាដែលបានទៅធ្វើការនៅប្រទេសថៃ ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨។ ក្រុមការងារដែលបានដឹកនាំដោយ ឯកឧត្តម ឈាង វុន បានជួបប្រជាពលករខ្មែរចំនួន១៧៥០នាក់ នៅកន្លែងចំនួន៤ផ្សេងគ្នា នៅក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ។ ចំនួន៨០%នៃចំនួនពលករទាំងនេះ បានចេញពីខេត្តបាត់ដំបង។ តំណាងពលករខ្មែរទាំងអស់នោះ បានថ្លែងអំណរគុណដល់តំណាងរាស្រ្ត ដែលបានចុះមកជួបពួកគាត់ផ្ទាល់។ ពលករខ្មែរបានអះអាងថា នៅថ្ងៃ បោះឆ្នោតខាងមុខនេះ ពួកគេប្រាកដជានឹងទៅបោះឆ្នោត ដើម្បីជ្រើសរើសតំណាងរាស្រ្តល្អ ដែលគិតគូរពីសុខទុក្ខពលករ ពិសេសជ្រើសរើសមេដឹកនាំ ដែលបានលះបង់កម្លាំងកាយចិត្ត ជីវិតក្នុងការរំដោះប្រទេសជាតិ កសាងការពារសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនរហូត សព្វថ្ងៃនេះ។ ឯកឧត្តម ឈាង វុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ពលករខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ដែលមានឆន្ទៈខ្ពស់ក្នុងការចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋនៅកម្ពុជា។
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន