ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភានឹងប្រជុំជាវិសាមញ្ញនៅថ្ងៃទី១៤ កុម្ភៈ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់មួយចំនួន
រដ្ឋសភានឹងប្រជុំជាវិសាមញ្ញនៅថ្ងៃទី១៤ កុម្ភៈ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់មួយចំនួន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/12/2018 2:20:41 AM )

រដ្ឋសភាបានសម្រេចថា នឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៥ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់មួយចំនួនដែលស្នើឡើងដោយរាជរដ្ឋាភិបាល និងដែលគណៈកម្មការជំនាញរដ្ឋសភាបានពិនិត្យ និងសិក្សាចប់សព្វគ្រប់តាមនីតិវិធី។ នេះបើតាមសេចក្តីសម្រេចរបស់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ដែលដឹកនាំដោយ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា រដ្ឋសភាក៏បានសម្រេចប្រគល់ សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យ និងសិក្សា  ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។

របៀបវារៈរដ្ឋសភាគ្រោងលើកយកមកពិភាក្សា និងអនុម័តក្នុងសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនាព្រឹកថ្ងៃទី១៤ ខែកុម្ភៈនោះមាន ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ និងការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh គេហទំព័រ www.national-assembly.org.kh, www.nac.org.kh