ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឥណ្ឌាបន្តគំាទ្រកម្ពុជាលើវិស័យជាច្រើនទៀត មានទំាងសេដ្ឋកិច្ច អប់រំ វប្បធម៌
ឥណ្ឌាបន្តគំាទ្រកម្ពុជាលើវិស័យជាច្រើនទៀត មានទំាងសេដ្ឋកិច្ច អប់រំ វប្បធម៌
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/8/2018 9:18:27 PM )

ក្នុងឱកាសចូលជួបសម្តែងការគួរសម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា លោក​ជំទាវ ម៉ានីកា ជេន (Manika Jain) ឯកអគ្គ រដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចំានៅកម្ពុជា បាន​ជម្រាបជូនសម្តេចថា ប្រទេសឥណ្ឌាបានជួយគំាទ្រការអភិវឌ្ឍនៅកម្ពុជា ជាច្រើនវិស័យ និងជា ច្រើនឆ្នាំមកហើយ។ ឥណ្ឌានៅបន្តជួយគំាទ្រចំពោះកម្ពុជាទៅមុខទៀត ដើម្បីចំណងមិត្តភាព និង​ផល​ប្រយោ​ជ​ន៍នៃប្រទេស និងប្រជាជនទំាងពីរ។

លោក​ជំទាវ ម៉ានីកា ជេន បានចូលសម្តែងការគួរសម សម្តេចប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា។ នៅក្នុងឱកាស នោះ ទំាងសម្តេចប្រធានរដ្ឋសភា និងលោកជំទាវឯកអគ្គរដ្ឋទូត បានលើកឡើងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌា ដែល​មាន​តាំងពី​យូរ​​មកហើយ។ ឥណ្ឌាជាប្រទេសមួយដែលបានជួយគំាទ្រកម្ពុជានៅក្រោយឆ្នាំ១៩៧៩ ហើយ​ជំនួយ​របស់ប្រទេសឥណ្ឌា បានចូលរួម ចំណែកកសាងសុខសន្តិភាព និង​ការអភិវឌ្ឍនៅ​កម្ពុជា​រហូត​មកដល់​ពេលសព្វថ្ងៃនេះ​។ នេះជាការគូសបញ្ជាក់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន

លោក​ជំទាវ ម៉ានីកា ជេន បានជម្រាបសម្តេចពីគម្រោងជាច្រើនដែលប្រទេសឥណ្ឌាបានជួយកម្ពុជា និងបន្តជួយទៅថ្ងៃអនាគតទៀត នៅក្នុងនោះមាន ផ្នែកការអប់រំ គឺការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសឥណ្ឌា។ ការផ្តល់វគ្គអប់រំបណ្តុះបណ្តាលកិច្ចការយោធា។ ការ​ជួសជុលថែទំាប្រាសាទបុរាណ និងការផ្តល់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងធនធានទឹក វិស័យ​ឯក​ជន និងការងារសង្គមកិច្ចជាដើម។

លោកជំទាវឯកអគ្គរដ្ឋទូតបានមានប្រសាសន៍បន្តថា កម្ពុជានិងឥណ្ឌាបានគំាទ្រគ្នាទៅវិញទៅមក​នៅលើឆាកអន្តរជាតិ ទំាងក្នុងតំបន់និងពិភពលោក។ លោកជំទាវក៏បានលើក​ឡើងពីលទ្ធផលដ៏​ត្រចះ​ត្រចង់ នៃដំណើរទស្សនកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ទៅ​កាន់ប្រទេសឥណ្ឌាកាលពីចុងខែមករាឆ្នាំ២០១៨កន្លងទៅថ្មីៗនេះថា នៅក្នុងដំណើរទស្សន​កិច្ច​នោះប្រមុខដឹកនាំកម្ពុជា និងឥណ្ឌា បានចុះអនុស្សរ- ណៈជាមួយគ្នាជាច្រើន​ចំនុចសុទ្ធ​សឹង​ជាផ​ល​​ប្រយោជន៍​សម្រាប់ប្រទេសនិងប្រជាជននៃប្រទេសទំាងពីរ។ ពិសេសការជំរុញអ្នកវិនិយោគ​ទុនឥណ្ឌា​មក​បណ្តាក់ទុកនៅកម្ពុជាឲ្យបានច្រើនឡើង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចមាន​ការពេញចិត្ត ដោយសង្កេតឃើញពីវឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហ​ប្រតិបត្តិការទ្វេភាគីរវាងប្រទេសទំាងពីរ កម្ពុជា-ឥណ្ឌា មានការរីកចម្រើនឥតឈប់ឈរ ទំាងវិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល និងការអភិវឌ្ឍធនធានមនុស្ស ។

ប្រធានរដ្ឋសភាបានអបអរសាទរ និងវាយ​តំលៃខ្ពស់ចំពោះ​លទ្ធផលដ៏ត្រចះត្រចង់ នៃដំណើរ​ទស្សនកិច្ចរបស់​សម្តេចអគ្គមហាសេនាបតីតេជោ នាយក រដ្ឋមន្រ្តីកម្ពុជានៅសាធារណរដ្ឋឥណ្ឌា កាល​ពី​ចុង​ខែមករាកន្លង​មក​នេះ។ សម្តេចពញាចក្រីបានគូសបញ្ជាក់ថា “ខ្ញុំសង្ឃឹមថា ក្នុងអាណត្តិការទូត​ថ្មីនេះ លោកជំទាវនឹងបន្តជម្រុញលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ សុខាភិបាល ព័ត៌មានវិទ្យា (អាយធី) ឲ្យកាន់តែ​មាន​សន្ទុះខ្លាំងក្លាថែមទៀត។ ក្នុងនោះដែរ ស្នើសុំលោក​ជំទា​វជួយជម្រុញឲ្យមានការតភ្ជាប់ការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា ដើម្បីលើក កម្ពស់វិស័យ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ពីឥណ្ឌាមកកម្ពុជាឲ្យបានខ្លាំងក្លា”។

ជាចុងក្រោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសំណូមពរដល់លោកជំទាវឯកអគ្គរដ្ឋទូត ជួយជំរុញការហោះហើរត្រង់រវាងកម្ពុជា និងឥណា្ឌឲ្យបានដំណើរការក្នុងពេលឆាប់ៗនេះ ដើម្បីផ្សា​ភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ទេសចរណ៍ រវាងប្រទេសទំាងពីរឲ្យកាន់តែមានភាពងាយស្រួល ឡើង​។

សំណូមពរនេះ លោក​ជំទាវ ម៉ានីកា ជេន បានទទួលយកនិងបានវាយតម្លៃថា ពិតជាមានតម្លៃធំធេង​ណាស់សម្រាប់ប្រទេសទំាងពីរ។ លោកជំទាវបាន ជម្រាបជូនសម្តេចថា នឹងខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនៃប្រទេសទំាងពីរដែលមានស្រាប់ឲ្យកាន់តែរឹងមាំថែមទៀត៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh គេហទំព័រ www.national-assembly.org.kh, www.nac.org.kh