សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨__ សារលិខិតរំលែកទុក្ខ ជូនចំពោះ ឯកឧត្តម ស្រ៊ុន តារា និងក្រុមគ្រួសារ__ សារលិខិតរំលែកទុក្ខ ជូនចំពោះ ឯកឧត្តម ស្រ៊ុន តារា និងក្រុមគ្រួសារ__ ថ្នាក់ដឹកនាំ និងមន្រ្តីអង្គការមនុស្សធម៌ People for Care Learning ស្វែងយល់ពីតួនាទីភារកិច្ចរដ្ឋសភា__ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េស្នើសុំសម្តេចប្រធានរដ្ឋសភាគំាទ្រគោលនយោបាយអាស៊ីខាងត្បូងរបស់ខ្លួន__ រដ្ឋសភាផ្តើមប្រជុំពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រាខ្លះ នៃរដ្ឋធម្មនុញ្ញ __ សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ថ្ងៃពុធ​ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភាជម្រាបអ្នកវិនិយោគទុនចិនថាកម្ពុជាមានសន្តិភាព ហើយរាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជន ជាដៃគូសក្តានុពល
សម្តេចប្រធានរដ្ឋសភាជម្រាបអ្នកវិនិយោគទុនចិនថាកម្ពុជាមានសន្តិភាព ហើយរាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជន ជាដៃគូសក្តានុពល
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/11/2018 12:11:19 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជម្រាបគណៈប្រតិភូអ្នកវិនិយោគទុនចិនមួយក្រុម ដឹកនាំដោយ លោក តាន់ស្រឺ ជួង ចូវវិន អគ្គនាយកក្រុមហ៊ុន ស៊ីន ហ្សុងវៃ ប្រផឺធី  (Xinzhong Wei Properties Co Ltd) ថា ប្រទេ​ស​កម្ពុជាបច្ចុប្បន្ន​ មាន​សុខសន្តិភាព ស្ថិរភាព នយោបាយ​​​​ល្អ និង​មានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចល្អ​ប្រ​សើរ​។ ទិស​ដៅតែ​មួយ​គត់ដែលកម្ពុជាកំពុងធ្វើ គឺជំរុញការ​អភិវឌ្ឍ​សេដ្ឋកិច្ចឲ្យបានខ្លាំងក្លា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអនុញ្ញាតឲ្យអគ្គនាយកក្រុមហ៊ុន ស៊ីន ហ្សុងវៃ ប្រផឺធី (Xinzhong Wei Properties Co Ltd) និងដៃគូ វិនិយោគចូលជួបសម្តែងការគួរ​សម នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នាភូមិគ្រឹះសម្តេចផ្ទាល់ក្នុងខណ្ឌចំការមន។ នៅក្នុងឱកាសនោះ សម្តេចបាន គូសបញ្ជាក់ថា ទំាងរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា យកចិត្ត​ទុកដាក់ និង​ជំរុញលើកទឹកចិត្តចំពោះការវិនិយោគផ្ទាល់​ពី​បរទេស​លើ​គ្រប់​វិស័យ។

សម្តេចបានគូសបញ្ជាក់ថា ក្រុមហ៊ុនធំៗពីបរទេសជាច្រើនបានចាប់អារម្មណ៍ និងការគាំទ្រក្នុងការបណ្តាក់ទុននៅកម្ពុជា។ ​“រាជរដ្ឋាភិ​បាលបានចាត់ទុក វិស័យឯកជនជាដៃគូ ជាកម្លាំងចលករដ៏​មាន​​​សក្តា​នុពលក្នុងការជួយជម្រុញកំណើន​សេដ្ឋ​កិច្ច ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែមានការរីក​ចម្រើន​បន្ថែមទៀត”។ នេះជាការលើកឡើងរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន។​

សូមជម្រាបថា ប្រទេសចិនគឺជាដៃគូវិនិយោគដ៏មានសក្តានុ​ពល​​របស់​កម្ពុជា។ គិតមកដល់ឆ្នាំ២០១៧ ទុនវិនិយោគ​របស់​ចិនឈរនៅលេខ​រៀង​លំដាប់ ទី១ គឺមានទឹក​ប្រាក់ប្រមាណជា ១៦ពាន់​លានដុល្លារ។

សម្តេចបានសង្កត់ធ្ងន់ថា “ការភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា ពីបណ្តាប្រទេសមានសេដ្ឋកិច្ចលូតលាស់ផ្សេងៗ វាបាន​ជម្រុ​ញឲ្យមានកំណើន ទេសចរណ៍ និងការវិនិយោគផ្ទាល់ពី​បរទេសមកកាន់កម្ពុជា កាន់តែច្រើនរៀងរាល់ឆ្នាំ។ ក្រោមគំនិតផ្តួចផ្តើម យុទ្ធសាស្រ្តខ្សែក្រវ៉ាត់មួយ ​ផ្លូវ​មួយ របស់ រដ្ឋាភិបាលចិន ភ្ជាប់ជាមួយយុទ្ធសាស្រ្ត​ចតុកោណនៃគោលនយោបាយអភិវឌ្ឍ​ន៍សេដ្ឋកិ​ច្ចរបស់​រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យមានលំហូរចូលយ៉ាង​គំហុកនៃវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ពីចិនមកកម្ពុជា។ ទំាងនេះបានបង្ហាញពីលទ្ធផលជាក់​ស្តែ​ងនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ រវាងប្រទេសទំាងពីរ កម្ពុជា-ចិន ក្នុង​ភាព​​ជាដៃគូយុទ្ធ​សាស្រ្តគ្រប់ជ្រុងជ្រោយ។

នៅក្នុងជំនួបនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងបន្តថា ២-៣ឆ្នាំចុងក្រោយនេះ វិស័យអចលនទ្រព្យនៅកម្ពុជាកំពុងរីក លូតលាស់គួរឲ្យចាប់អារម្មណ៍។ អគារខ្ពស់ៗ សណ្ឋាគារ ដែលមានឈ្មោះល្បីៗលំដាប់អន្តរជាតិ កំពុងសាងសង់បណ្តើរៗ។ ដោយឡែក​វិស័យ​​ទេសចរណ៍នៅកម្ពុជាកំពុងរីកលូតលាស់ខ្លាំង ដែលមានវិសាលភាពគ្របដណ្តប់ទំាងតំបន់ឆ្នេរ​សមុទ្រ តំបន់ទេសចរណ៍ធម្មជាតិ និង​តំបន់ទេសចរណ៍​វប្បធ​ម៌ ដែលមានប្រាសាទ​អង្គរវត្ត រួមទំាងប្រាសាទបុរាណរាប់​រយផ្សេងទៀត។ ដូច្នេះហើយ វា​ជាឱកាសល្អសម្រាប់​ក្រុមហ៊ុន ក៏ដូចជាដៃគូមកពីចិន ដើម្បីពិនិត្យ​លើ​ឱកាស​វិនិ​យោ​គ​នៅកម្ពុជា។

តំណាងគណៈប្រតិភូ អ្នកវិនិយោគទុនរបស់ប្រទេសចិន បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះការចំណាយពេលវេលារបស់សម្តេច ប្រធានរដ្ឋសភា ក្នុងការទទួលជួបក្រុមការងារខ្លួននាឱកាសនេះ។ តំណាងអ្នកវិនិយោគទុកចិន បានសម្តែងក្តីរីករាយយ៉ាងក្រៃលែង ដែលទទួលបាន ព័ត៌មានថ្មីៗពីកម្ពុជា តាមរយៈសម្តេចប្រធានរដ្ឋសភា។

លោកអគ្គនាយកក្រុមហ៊ុន ស៊ីន ហ្សុងវៃ ប្រផឺធី លោក តាន់ស្រឺ ជួង ចូវវិន បានជម្រាបសម្តេចប្រធានរដ្ឋសភាថា អ្នកវិនិយោគទុនចិនមានការ ចាប់អារម្មណ៍ខ្លំាងនៅក្នុងការមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើវិស័យជាច្រើនមាន សុខាភិបាល អប់រំ សំណង់ កសិកម្មជាដើម។ ដោយ​សារ​តែ ទំនាក់ទំនងការទូត នយោបាយប្រទេសកម្ពុជានិងចិន មានការរីកចម្រើនជាលំដាប់ ហើយតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច នៃថ្នាក់ដឹកនាំ ប្រទេសទំាងពីរជាបន្តបន្ទាប់ គឺជាចំនុចវិជ្ជមានក្នុងការពង្រឹងពង្រីកទំហំពាណិ​ជ្ជកម្មប្រទេសទំាងពីរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh