ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាបានទទួលយកសេចក្តីព្រាងច្បាប់មួយចំនូនស្នើឡើង ដោយរាជរដ្ឋាភិបាល មកពិនិត្យ និងសិក្សា
រដ្ឋសភាបានទទួលយកសេចក្តីព្រាងច្បាប់មួយចំនូនស្នើឡើង ដោយរាជរដ្ឋាភិបាល មកពិនិត្យ និងសិក្សា
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (11/7/2017 1:01:14 AM )

សម្ដេចអគ្គមហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដើម្បីពិភាក្សា និងអនុម័ត របៀប​វារៈមួយចំនួន នៅក្នុងនោះជាលទ្ធផលឃើញថា រដ្ឋសភាបានទទួលយកសេចក្តីព្រាងច្បាប់​មួយចំនួន ដែល ស្នើឡើងដោយរាជរដ្ឋាភិបាលមកពិនិត្យនិងសិក្សា​។

របៀបវារៈទី១ អង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកនេះ បានអនុម័ត​លើបញ្ជីឈ្មោះ​តំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា ឈរជា​បេក្ខជន​ សម្រាប់ជ្រើសតំាងបន្ថែម​នៅក្នុង​គណៈកម្មការទំាង១០ របស់រដ្ឋសភា។ ហើយការ​បោះឆ្នោត​ជ្រើសតំាង​​លើបេក្ខជនទំាងនោះ នឹងរៀបចំ​ធ្វើនៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៥ នា​ពេលខាង​មុខ។

ចំណែករបៀបវារៈទី២ គឺ​អង្គប្រជុំបានអនុម័ត ប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័ត​យល់​ព្រមលើ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសចំនួន៤​ ស្តីពីការ​ចៀសវាងយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ​ពាក់​ព័ន្ធ និងពន្ធលើ​ប្រាក់​ចំណូល​។ គឺកិច្ចព្រមព្រៀង ជាមួយប្រទេស សឹង្ហបុរី​ជាមួយប្រទេសចិន ប្រទេសប្រ៊ុយ​​ណេដារូ​សាឡឹម និងប្រទេសថៃ។ កិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ​ប្រទេស​៤​ខាងលើ ស្តីពីការ​ចៀសវាងយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ​ពាក់​ព័ន្ធ និងពន្ធលើ​ប្រាក់​ចំណូលនេះ ត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សម្រេចប្រគល់ជូន គណៈ​កម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ពិនិត្យ​និង​សិក្សា ដោយសហការ​ជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ​ ឃោស​នា​ការ​ និងព័ត៌មាន​នៃ​រដ្ឋសភា ​ហើយធ្វើរបាយការណ៍ ​ជូនគ​ណៈកម្មាធិ​ការ​អចិន្រ្តៃយ៍​រដ្ឋសភា វិញ។​

រីឯរបៀបវារៈទី៣ គឺ អង្គប្រជុំបានអនុម័តយល់ព្រម ប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការ​អនុម័តយល់ព្រមលើ​ធម្មនុញ្ញនៃមជ្ឈមណ្ឌលត្រៀម បង្ការគ្រោះមហន្តរាយអាស៊ី ដល់​គណៈកម្មការ​កិច្ចការបរទេស សហ​ប្រ​តិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ពិនិត្យ​និង​សិក្សាដោយ​សហការ ជាមួយគណៈកម្មការផែនការ និងវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក  ហើយធ្វើរបាយ​ការណ៍ ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ។

ជាមួយគ្នានេះ នៅព្រឹកមិញនេះ អង្គប្រជុំក៏បានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ចំនួនពីរ គឺសេចក្តីព្រាងច្បាប់ស្តីពី ការ​ទូ​ទាត់​​​ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ និងសេច​ក្តីព្រាង​ច្បាប់ស្តីពី​ ហិរញ្ញវត្ថុ​សម្រាប់​​ការគ្រប់គ្រងឆ្នាំ២០១៨ ដល់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃ​រដ្ឋសភា ពិនិត្យនិងសិក្សា ហើយធ្វើរបាយការណ៍​ជូន​គណៈ​កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញផងដែរ៕

អត្ថបទនិងរូបភាព ដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh