ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » និស្សិតជាប់អាហារូបករណ៍ CHEVENING ស្វែងយល់ពីលទ្ធិប្រជាធិបតេយ្យនៅរដ្ឋសភា មុនចេញទៅរៀននៅប្រទេសអង់គ្លេស
និស្សិតជាប់អាហារូបករណ៍ CHEVENING ស្វែងយល់ពីលទ្ធិប្រជាធិបតេយ្យនៅរដ្ឋសភា មុនចេញទៅរៀននៅប្រទេសអង់គ្លេស
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/12/2017 2:11:53 AM )

និសិ្សតកម្ពុជាចំនួន១៤នាក់ បានជាប់អាហារូបករណ៍(CHEVENING) ដែលជាអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសអង់គ្លេស សម្រាប់ឆ្នាំសិក្សា ឆ្នាំ២០១៧-២០១៨។ នៅមុនពួកគេចេញដំណើរទៅសិក្សានៅចក្រភពអង់គ្លេសក្នុងពេលឆាប់ៗនេះ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ និស្សិត ទំាង១៤រូប បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីលទ្ធិប្រជាធិបតេយ្យ និងតួនាទីភារកិច្ចរបស់រដ្ឋសភាកម្ពុជានៅវិមានរដ្ឋសភា។

ដំណើរទស្សនកិច្ចរបស់និស្សិតជាប់អាហារូបករណ៍នេះ បានទទួលស្វាគមន៍ និងធ្វើបទបង្ហាញដោយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

ឯកឧត្តមអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសិក្សារបស់និសិ្សតទំាង១៤នាក់ រហូតទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសមួយ ដែលការអប់រំមានគុណភាពខ្ពស់ ហើយជាប្រទេសមហាអំណាចមួយនៅក្នុងពិភពលោកដែលនោះ។ ឯកឧត្តមបានផ្តាំផ្ញើដល់និសិ្សតទំាងអស់ ត្រូវខិតខំ រៀនសូត្រ ដើម្បីយកចំណេះដឹងមកបម្រើជាតិមាតុភូមិនាពេលអនាគត។

សូមជម្រាបថា និស្សិតទំាង១៤រូបនេះ បានជាប់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត លើជំនាញផ្សេងៗគ្នា។ (CHEVENING)ជាអាហារូបករណ៍ធំមួយរបស់ រដ្ឋាភិបាលប្រទេសអង់គ្លេស ដែលបានបង្កើតឡើងតំាងពីឆ្នាំ១៩៨៣មក។ ជារៀងរាល់ឆ្នាំមាននិស្សិតមកពីបណ្តាប្រទេសជាច្រើនលើពិភពលោក បាន ទៅសិក្សានៅប្រទេសអង់គ្លេស តាមរយៈកម្មវិធីដ៏ធំនេះ។

ចំពោះការស្វែងយល់ពីស្ថាប័នរដ្ឋសភាវិញនោះ ឯកឧត្តមអគ្គលេខាធិការបានលើកឡើងថា កម្ពុជាមានស្ថាប័នរដ្ឋសភា តាំងពីឆ្នាំ១៩៤៦មកម្ល៉េះ ប៉ុន្តែ ដោយសារកម្ពុជាបានឆ្លងកាត់សង្រ្គាម ស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ក៏បានផ្លាស់ប្តូរទៅតាមកាលៈទេសៈនៃរបបដឹកនាំ។ រដ្ឋសភានាបច្ចុប្បន្ននេះ បាន កើតឡើងនៅឆ្នាំ១៩៩៣ តាមរយៈការបោះឆ្នោតជាសកល ដែលរៀបចំឡើងដោយ អង្គការសហប្រជាជាតិ។ គិតមកដល់ពេលនេះ រដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជាទី២ មានរយៈកាល៥អាណត្តិហើយ។

ឯកឧត្តម ឡេង ប៉េងឡុង បានលើកឡើងទៀតថា រដ្ឋសភាមានតួនាទីសំខាន់ៗចំនួនបី គឺការងារនីតិកម្ម គឺការតាក់តែងនិងអនុម័តច្បាប់។ ជាតំណាង របស់ប្រជាពលរដ្ឋ និងជាអ្នកឃ្លំាមើលការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល។ ការងាររបស់រដ្ឋសភាដំណើរការទៅមុខជាប្រចំាថ្ងៃនេះ គឺមានអគ្គលេខា ធិការដ្ឋានរដ្ឋសភាជាសេនាធិការ។ សេនាធិការនេះ ផ្តល់សេវា មធ្យោបាយ បច្ចេកទេស និងថវិកាដល់រដ្ឋសភា ដើម្បីឲ្យសមាជិករដ្ឋសភា លោកមាន លទ្ធភាពបម្រើការងារជូនពលរដ្ឋដែលជាម្ចាស់ឆ្នោត។

លោក អ៊ុយ សមផល្លារិទ្ធិ តំណាងនិស្សិត បានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គលេខាធិការរដ្ឋសភា ដែលបានចំណាយពេលវេលាទទួលជួប សំណេះសំណាល និងបានធ្វើបទបង្ហាញយ៉ាងលម្អិតដល់និស្សិត។ តំណាងនិស្សិតបានប្តេជ្ញាថា នឹងខិតខំរៀនសូត្រ ហើយពាំនាំចំណេះដឹងមកចូលរួម អភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលវិញ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh