ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភា នឹងអាចដាក់ជូនសម័យប្រជុំរដ្ឋសភាអនុម័តក្នុងពេលឆាប់ៗនេះ
សេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភា នឹងអាចដាក់ជូនសម័យប្រជុំរដ្ឋសភាអនុម័តក្នុងពេលឆាប់ៗនេះ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/13/2017 11:14:19 PM )

សេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតំាងសមាជិកព្រឹទ្ធសភា ទំនងជានឹងអាចដាក់ជូនសម័យប្រជុំរដ្ឋសភា ពិភាក្សា អនុម័តក្នុងពេលឆាប់ៗនេះ បន្ទាប់ពីគណៈកម្មការជំនាញរដ្ឋសភា បានបញ្ចប់ការពិនិត្យ សិក្សា ជាមួយសមាជិកព្រឹទ្ធសភា ដែលជាតំណាងហត្ថលេខីរួចហើយនោះ។ សេចក្តីស្នើ ច្បាប់នេះ ត្រូវបាន​គណៈកម្មការជំនាញរដ្ឋសភា គឺគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធាន គណៈកម្មការ ជួបប្រជុំពិនិត្យ សិក្សា ជាមួយសមាជិកព្រឹទ្ធសភា ដែលជាតំណាងហត្ថលេខី ដឹកនាំដោយ ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធាន​គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា ។

សេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភានេះ មាន១១ជំពូក ចែកចេញជា៣២មាត្រា។ សមាជិកព្រឹទ្ធសភា​ចំនួន​២៣រូប បានចុះ ហត្ថលេខាស្នើសុំរដ្ឋសភាពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់នេះ។ តំណាងសមាជិកព្រឹទ្ធសភា ដែលជាហត្ថលេខី ឯកឧត្តម អ៊ុក ប៊ុនឈឿន បាន គូសបញ្ជាក់ថា សេចក្តីស្នើច្បាប់នេះ បានតាក់តែងឡើងស្របតាមបរិបទជាក់ស្តែងរបស់ប្រទេសជាតិ ពីព្រោះបានបំពេញបន្ថែមខ្លឹមសារលើមាត្រាមួយ ចំនួននៃច្បាប់ចាស់ ដើម្បីឲ្យស្របទៅនឹងស្ថានភាពនយោបាយ បរិបទសង្គម ក៏ដូចទៅតាមអ្វីដែលគណបក្សន​យោបាយ ដែលមានអាសនៈក្នុងរដ្ឋសភា បានព្រមព្រៀងគ្នា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤​នោះ។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា មានប្រសាសន៍ថា តាមការ​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានយល់ឃើញថា សេចក្តីស្នើច្បាប់នេះ គឺធ្វើឡើងស្រប​តាម​​រដ្ឋធម្មនុញ្ញ និងទម្រង់ច្បាប់។ ក្នុងនាមគណៈកម្មការជំនាញរបស់រដ្ឋសភា ឯកឧត្តមបណ្ឌិត បានឯកភាព សម្រេចបញ្ជូនសេច​ក្តីស្នើច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ទៅគណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភា ដើម្បីពិនិត្យ សម្រេចដាក់ជូន សម័យប្រជុំរដ្ឋសភាពិភាក្សា និងអនុម័តនាពេលឆាប់ៗខាងមុខនេះ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh