ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរមកពិនិត្យ និងសិក្សា
រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរមកពិនិត្យ និងសិក្សា
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (6/7/2017 9:32:18 PM )

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃ​ព្រហ​ស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ​២​០១​៧ នេះ បានសម្រេចទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរ​ដាក់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យ​ និង​​សិក្សា ​ដើម្បីដាក់ជូនសម័យប្រជុំពេញអង្គរដ្ឋសភា ពិភាក្សានិង​អនុម័ត​ នាពេលខាងមុខ​។​ សេចក្តី​ព្រាង ច្បាប់ទំាងពីរនោះមាន សេចក្តីព្រាងច្បាប់ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល និង​មួយ​ទៀត​គឺជា​សេចក្តីស្នើច្បាប់ ដែលស្នើឡើងដោយ​សមាជិក​ព្រឹទ្ឋសភា។

ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលដឹកនាំដោយ សម្ដេចអគ្គម​ហាពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​ នោះ អង្គប្រជុំបានអនុម័ត ប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ឧបាស្រ័យពាណិជ្ជកម្ម ដែលជាសំណើរបស់រាជរដ្ឋាភិបាល ជូនគណៈកម្ម​ការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀប​ចំ​ដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា ពិនិត្យ និងសិក្សា ហើយធ្វើរបាយការណ៍ជូន គណៈ​កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

ជាមួយគ្នានេះ អង្គប្រជុំក៏បានអនុម័តប្រគល់សេចក្តីស្នើច្បាប់ស្តីពី ការបោះ​ឆ្នោតជ្រើសតំាង​សមាជិកព្រឹទ្ធ​សភា ដែលជាសំណើរបស់សមាជិកព្រឹទ្ធសភា ជូនគណៈកម្មការនីតិកម្ម និង​យុត្តិធម៌ ​នៃរដ្ឋសភា ពិនិត្យ និងសិក្សា ហើយធ្វើរបាយការណ៍ ជូនគណៈ​កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

សូមជម្រាបថា គណៈកម្មការជំនាញរដ្ឋសភាទំាងពីរខាងលើ បន្ទាប់ពីបាន​ពិនិត្យ និងសិក្សា​សេចក្តីព្រាង និងសេចក្តីស្នើច្បាប់ទំាងនេះហើយ នឹងធ្វើ របាយការណ៍ពីលទ្ធផល ជូនគណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភាវិញ ដើម្បីសម្រេចដាក់ជូន​សម័យ​ប្រជុំរដ្ឋ​សភា​ពិភាក្សា និងអនុម័ត៕

                                          អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh